ជីវវិទ្យា|
១៦ កុម្ភៈ ២០២៦
ស៊ីណែត

តើការចងចាំស្តុកទុកនៅកន្លែងណានៃខួរក្បាលរបស់យើង?

តើការចងចាំស្តុកទុកនៅកន្លែងណា?

ខួរក្បាលគឺជាសរីរាង្គដ៏អស្ចារ្យដែលទោះបីជាមនុស្សចំណាយពេលសិក្សាជាច្រើនសតវត្សហើយក៏នៅតែមិនទាន់យល់ពីដំណើរការជាច្រើនរបស់វា។ សំណួរមួយដែលអ្នកវិទ្យាសាស្ត្រព្យាយាមរកចម្លើយផងដែរគឺថា៖ តើការចងចាំស្តុកទុកនៅកន្លែងណានៃខួរក្បាលរបស់យើង?

រឿងដែលស្មុគស្មាញគឺ ការរកឃើញដែលបង្កើតបានជាសម្មតិកម្ម (Hypothesis) នានារបស់អ្នកវិទ្យាសាស្ត្រតែងតែអាចប្រែប្រួល នៅពេលដែលមានការរកឃើញថ្មីមកប្រជែង ឬគាស់រំលើងសម្មតិកម្មចាស់ចោល។ ចំពោះចម្លើយនៃសំណួរនេះ យើងឃើញមានការសន្និដ្ឋានសំខាន់ៗចំនួន ២៖

១. ការប្រែប្រួលស៊ីណាប់ (Synaptic Plasticity)

«ការប្រែប្រួលស៊ីណាប់» គឺជាការសន្និដ្ឋានដែលគេលើកមកនិយាយច្រើនជាងគេ ជាពិសេសនៅពេលដែលនិយាយអំពីការរៀន។ សម្មតិកម្មនេះលើកឡើងថា ការចងចាំរបស់យើងគឺអាស្រ័យទៅលើស៊ីណាប់ (Synapse)

គួររំលឹកផងដែរថា ស៊ីណាប់គឺជាចន្លោះដែលណឺរ៉ូនពីរជិតគ្នាធ្វើទំនាក់ទំនងគ្នា។ នៅពេលដែលខួរក្បាលមានសកម្មភាព គឺមានចរន្តអគ្គិសនីរត់ឆ្លងកាត់ណឺរ៉ូន និងសារធាតុគីមីឆ្លងកាត់ពីណឺរ៉ូនមួយទៅមួយទៀត។ អ្នកស្រាវជ្រាវបានរកឃើញថានៅក្រោយពេលយើងរៀនអ្វីមួយ ណឺរ៉ូនរបស់យើងនឹងមានការផ្លាស់ប្តូរនៅត្រង់ស៊ីណាប់ ឬបង្កើនចំនួនស៊ីណាប់ដែលធ្វើអោយការបញ្ជូនព័ត៌មានកាន់តែលឿន។

ការប្រែប្រួលនេះកើតឡើងនៅតំបន់ខុសៗគ្នានៃខួរក្បាល៖

  • Declarative Memory (ការចងចាំទិន្នន័យ/ព្រឹត្តិការណ៍): ទាក់ទងនឹងតំបន់ Hippocampus
  • Procedural Memory (ការចងចាំសាច់ដុំ/ជំនាញ): ដូចជាការលេងភ្លេង ទាក់ទងនឹងការប្រែប្រួលស៊ីណាប់នៃណឺរ៉ូនចលករ។

២. សមាសភាគអេពីសេនេទិច (Epigenetic Component)

ការសន្និដ្ឋានទី២ ត្រូវបានលើកឡើងដោយលោក Holliday នៅឆ្នាំ១៩៩៩។ គាត់បានសរសេរថា ការចងចាំប្រហែលជាត្រូវបានស្តុកទុកនៅក្នុងណឺរ៉ូនតាមរយៈការភ្ជាប់បង្គុំមេទីល (CH3-) លើនុយក្លេអូទីតស៊ីតូស៊ីន (C) នៃម៉ូលេគុល ADN (DNA Methylation)។

ការភ្ជាប់ ឬដកបង្គុំមេទីលនេះ ប្រៀបដូចជាកុងតាក់បិទបើកដែលបញ្ជាការសំដែងចេញនៃសែន (Gene expression)។ ការពន្យល់របស់លោក Holliday គឺក្រោយពេលណឺរ៉ូនទទួលទិន្នន័យ ADN របស់វានឹងរងការប្រែប្រួល (Epigenetic changes) ដែលអនុញ្ញាតឱ្យណឺរ៉ូនផលិតប្រូតេអ៊ីនជាក់លាក់ ដើម្បីឆ្លើយតបទៅនឹងការទទួលសញ្ញា បង្កើតបានជាការចងចាំរយៈពេលវែង។


ឯកសារយោង៖

ចែករំលែកអត្ថបទ (Share Post)
FacebookTelegram
ស៊ីណែត

ស៊ីណែត

ស៊ីណែត គឺជាអ្នកអប់រំ និងជាឱសថការី។ គាត់បានបញ្ចប់ការសិក្សាផ្នែកឱសថសាស្រ្តនៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅទីក្រុងភ្នំពេញនៅឆ្នាំ២០១៥។ នៅឆ្នាំ២០១៨ គាត់បានក្លាយជាគ្រូបង្រៀននៅវិទ្យាល័យអ៊ីធូស្ទេមព្រះយុគន្ធរក្នុងទីក្រុងភ្នំពេញ។ នៅទីនោះហើយដែល គាត់ចាប់ផ្តើមបង្កើតមាតិកាទាក់ទងវិទ្យាសាស្រ្ត និងបង្កើតទំព័រ វិទ្យាសាស្រ្តជីវិត ដែលបច្ចុប្បន្នវិវត្តមកជា រៀនវិទ្យាសាស្រ្តនេះ។ ចាប់ពីឆ្នាំ២០២៤ដល់២០២៥ គាត់បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំនៅសកលវិទ្យាល័យឃ្វីនស្លែនដ៍នៃរដ្ឋឃ្វីនស្លែនដ៍ប្រទេសអូស្ត្រាលី។

ស៊ីណែត