តើមុយតាស្យុងជាអ្វី?
តើមុយតាស្យុងជាអ្វី?
🕷️ បើសិនជាអ្នកធ្លាប់បានមើលរឿង Spiderman ដែលបញ្ចាំងកាលពីឆ្នាំ២០០២ អ្នកច្បាស់ជាដឹងហើយថាមនុស្សពីងពាងកើតឡើងពីមនុស្សធម្មតាម្នាក់ឈ្មោះ Peter Parker ត្រូវពីងពាងខាំ។ បើយើងមើលដោយយកចិត្តទុកដាក់ យើងសង្កេតឃើញថាក្រោយពេលពីងពាងខាំ ADN របស់បុរសម្នាក់នោះមានការប្រែប្រួល។ ការប្រែប្រួលនេះ ត្រូវបានគេហៅថា មុយតាស្យុង (Mutation)។
❓ តើមុយតាស្យុងគឺជាអ្វី? តើមុយតាស្យុងអាចធ្វើអោយភាវៈមានជីវិតមាន Super power ដូច Spiderman ដែរឬទេ?
🧐 មុយតាស្យុង គឺជាការប្រែប្រួលទៅលើតំណលំដាប់របស់ ADN នៅក្នុងកោសិកា។ ការប្រែប្រួលទៅលើតំណលំដាប់របស់ ADN អាចនាំអោយមានការលេចចេញនូវលក្ខណៈដែលខុសពីលក្ខណៈដើម ព្រោះតំណលំដាប់របស់ ADN គឺជាព័ត៌មានសេនេទិចដែលកំណត់លក្ខណៈនិងដំណើរការរបស់ភាវៈរស់។
បំរែបំរួលព័ត៌មានសេនេទិចធ្វើអោយភាវៈរស់លេចចេញនូវលក្ខណៈថ្មី។ តែលក្ខណៈថ្មីដែលលេចចេញនេះ មិនដូចនៅក្នុងរឿងវិទ្យាសាស្ត្រប្រឌិតឡើយ។ ពេលខ្លះ លក្ខណៈថ្មីដែលលេចឡើងថែមទាំងគ្រោះថ្នាក់ទៀតផង ដូចជាមុយតាស្យុងខ្លះអាចធ្វើអោយកើតជាជំងឺមហារីក ហើយមុយតាស្យុងខ្លះទៀតដែលកើតនៅលើកោសិកាដំបូងរបស់កូនអាចធ្វើអោយកូនកើតមកមានលក្ខណៈមិនប្រក្រតីផងដែរ។
❗ មុយតាស្យុងមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ។ ឧទាហរណ៍ជាក់ស្តែង គេសង្កេតឃើញថាជនជាតិស្បែកខ្មៅនៃទ្វីបអាហ្រ្វិកមានអត្រាកើតជំងឺកោសិកាក្រហមរាងកណ្តៀវ (Sickle Cell Anemia) ដែលជាជំងឺទាក់ទងមុយតាស្យុងសែនច្រើនជាងគេ។ ជំងឺនេះធ្វើអោយកោសិកាឈាមក្រហមពិបាកដឹកនាំអុកសុីសែន តែវាក៏ធ្វើអោយអ្នកជំងឺស៊ាំទៅនឹងជំងឺគ្រុនចាញ់ផងដែរ។
[Image comparing normal red blood cells and sickle-shaped red blood cells]
❗ មុយតាស្យុងមានសារៈសំខាន់ណាស់សម្រាប់ការវិវត្តរបស់ភាវៈរស់។ មនុស្សយើងម្នាក់ៗគឺជាលទ្ធផលនៃមុយតាស្យុងរបស់មនុស្សជំនាន់មុនដើម្បីសម្របទៅនឹងមជ្ឈដ្ឋានជុំវិញខ្លួន។ លក្ខណៈថ្មីៗដែលលេចឡើងចំពោះដូនតាយើងដើម្បីសម្របទៅនឹងមជ្ឈដ្ឋានហើយបញ្ជូនបន្តមកដល់យើងនេះគឺជាអ្វីដែលគេហៅថា ជម្រើសធម្មជាតិ (Natural Selection)។
ចំពោះភាវៈមានជីវិតដូចជាបាក់តេរី មុយតាស្យុងអាចធ្វើអោយបាក់តេរីធន់ទៅនឹងថ្នាំអង់ទីប្យូទិច។ ចំពោះបាក់តេរី មុយតាស្យុងរបៀបនេះគឺប្រៀបដូចជាធ្វើអោយវាទទួលបាន super power។ នេះជារឿងល្អសម្រាប់វា តែជាដំណឹងអាក្រក់សម្រាប់មនុស្សជាតិ។ វីរុសខ្លះដែលបង្កជំងឺតែលើសត្វ អាចរងមុយតាស្យុងហើយប្រែជាអាចបង្កជំងឺលើមនុស្សផងដែរ។
❓ តើកត្តាអ្វីខ្លះដែលធ្វើអោយមានមុយតាស្យុង?
- កំហុសផ្ទៃក្នុងកោសិកា៖ កើតឡើងពីកំហុសរបស់កោសិកាខ្លួនឯងផ្ទាល់នៅពេលដែលវាធ្វើចំណែកខ្លួន ព្រោះនៅពេលកោសិកាចែកខ្លួន ADN របស់វាត្រូវការធ្វើស្វ័យដំឡើងទ្វេ ហើយនៅពេលដែលវាបង្កើនចំនួន ADN នេះហើយដែលកំហុសអាចកើតមានឡើង។
- កត្តាខាងក្រៅ (Mutagens)៖ ដូចជាការប៉ះពាល់ទៅនឹងសារធាតុគីមីពុល ធាតុវិទ្យុសកម្ម ឬកាំរស្មីគ្រោះថ្នាក់ (ដូចជាកាំរស្មី UV)។
សត្វពីងពាងខាំប្រហែលជាមិននាំអោយមានមុយតាស្យុងទេ ហើយប្រាកដណាស់ថាក្រោយពេលពីងពាងខាំ អ្នកនឹងមិនក្លាយជាមនុស្សពីងពាងឡើយ។

ស៊ីណែត
ស៊ីណែត គឺជាអ្នកអប់រំ និងជាឱសថការី។ គាត់បានបញ្ចប់ការសិក្សាផ្នែកឱសថសាស្រ្តនៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅទីក្រុងភ្នំពេញនៅឆ្នាំ២០១៥។ នៅឆ្នាំ២០១៨ គាត់បានក្លាយជាគ្រូបង្រៀននៅវិទ្យាល័យអ៊ីធូស្ទេមព្រះយុគន្ធរក្នុងទីក្រុងភ្នំពេញ។ នៅទីនោះហើយដែល គាត់ចាប់ផ្តើមបង្កើតមាតិកាទាក់ទងវិទ្យាសាស្រ្ត និងបង្កើតទំព័រ វិទ្យាសាស្រ្តជីវិត ដែលបច្ចុប្បន្នវិវត្តមកជា រៀនវិទ្យាសាស្រ្តនេះ។ ចាប់ពីឆ្នាំ២០២៤ដល់២០២៥ គាត់បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំនៅសកលវិទ្យាល័យឃ្វីនស្លែនដ៍នៃរដ្ឋឃ្វីនស្លែនដ៍ប្រទេសអូស្ត្រាលី។
ស៊ីណែត