ជីវវិទ្យា|
១៦ កុម្ភៈ ២០២៦
ស៊ីណែត

តើអ្វីទៅជាវីរុស? ការស្វែងយល់ពីសត្រូវដែលមើលមិនឃើញ

តើវីរុសជាអ្វី?

ដើមឆ្នាំ២០២០នេះ វីរុសកូរ៉ូណាថ្មី (SARS-CoV-2) បានបង្កភាពវឹកវរដល់ពិភពលោកទាំងមូល ដោយវាបាននិងកំពុងសម្លាប់មនុស្សជាច្រើននៅទូទាំងពិភពលោក ព្រមទាំងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងដំណំ។ មែនទែនទៅវីរុសកូរ៉ូណាថ្មីនេះមិនមែនជាវីរុសតែមួយគត់ដែលសម្លាប់មនុស្សទេ រាល់ឆ្នាំមនុស្សជាច្រើនបានស្លាប់ក្រោមដៃវីរុសផ្សេងទៀតដូចជាវីរុសផ្ដាសាយ វីរុសគ្រុនឈាម និងវីរុសអេដស៍ជាដើម។ 

🤔តើវីរុសជាអ្វី? ហេតុអ្វីវាអាចសម្លាប់មនុស្សបាន?

ពាក្យ វីរុស (Virus) គឺជាពាក្យឡាតាំងដែលមានន័យថា "ជាតិពុល"។ ការប្រើពាក្យនេះក៏ដោយសារតែអ្នកវិទ្យាសាស្ត្រពីបុរាណគ្មានមីក្រូទស្សន៍ដែលអាចមើលឃើញវីរុស និងចាត់វាឱ្យច្បាស់ថាជាអ្វី ដោយគេគ្រាន់តែដឹងថាអ្នកដែលប៉ះពាល់ជាមួយវីរុសនឹងត្រូវឈឺឬស្លាប់។

ការស្រាវជ្រាវបានធ្វើឱ្យគេស្គាល់ពីវីរុស និងឱ្យនិយមន័យវាថាជា បរាសិត ដែលអាចបន្តពូជបង្កើតកូនចៅបានតែក្នុងកោសិកាមានជីវិត។ និយមន័យនេះមានន័យថា វីរុសមានសកម្មភាពតែពេលវាចូលទៅក្នុងកោសិការបស់ភាវៈមានជីវិតតែប៉ុណ្ណោះ។ អ្នកវិទ្យាសាស្ត្រនៅតែកំពុងជជែកដេញដោលគ្នានៅឡើយថាតើគួរចាត់វីរុសថាជាភាវៈមានជីវិតឬភាវៈគ្មានជីវិត ដោយសារតែវាស្ថិតនៅចន្លោះរវាងភាពជាសារធាតុគីមីអសកម្ម និងភាពជាភាវៈដែលអាចបន្តពូជបង្កើនចំនួនបាន។​

🤔តើវីរុសនិងមេរោគខុសគ្នាដូចម្តេច?

មេរោគ (Germs/Microbes) សំដៅដល់ភ្នាក់ងារដែលធ្វើឱ្យមនុស្សមានជំងឺ ដែលជាទូទៅគឺជាភាវៈតូចៗដែលយើងមើលមិនឃើញដោយផ្នែកទទេដូចជាបាក់តេរី ប្រូទិស ផ្សិត (ឧទាហរណ៍ផ្សិតបង្កជំងឺស្រែង) និងវីរុសផងដែរ។ ដូចនេះ វីរុសគឺជាភាវៈមួយក្នុងចំណោមភាវៈដែលជាមេរោគប៉ុណ្ណោះ។ 

🤔តើវីរុសមានទំហំប៉ុណ្ណា?

វីរុសមានទំហំតូចណាស់ ហើយមិនអាចត្រូវបានមើលឃើញដោយមីក្រូទស្សន៍ធម្មតាឡើយ។ វីរុសអាចមានអង្កត់ផ្ចិតពី 20–250 ណាណូម៉ែត (nm)។ 1 ណាណូម៉ែត ស្មើនឹង 1 ម៉ែត្រចែកឱ្យ 1 ពាន់លាន។ យើងអាចនិយាយបានថាវីរុសតូចជាងមនុស្សយើង ដល់ទៅ 100 លានដង។

រូបផ្គុំរបស់វីរុសគឺមានលក្ខណៈមិនសូវស៊ាំញ៉ាំដូចជារូបផ្គុំរបស់កោសិកាឬបាក់តេរីឡើយ។ វីរុសផ្គុំឡើងពី 3 ផ្នែកសំខាន់ៗ៖

  1. អាស៊ីតនុយក្លេអិច (DNA ឬ RNA): មានផ្ទុកព័ត៌មានសម្រាប់បង្កើតវីរុសថ្មី។ 
  2. កាប់ស៊ីត (Capsid): ជាប្រូតេអ៊ីនដែលស្រោបពីលើអាស៊ីតនុយក្លេអិចដើម្បីការពារព័ត៌មានសេនេទិច។
  3. ស្រោម (Envelope): ជាស្រទាប់លីពីតផ្សំជាមួយប្រូតេអ៊ីន (មានតែចំពោះវីរុសមួយចំនួនដូចជាកូរ៉ូណា ចំណែកវីរុសគ្រុនស្វិតដៃជើងគឺគ្មានទេ)។

🤔ហេតុអ្វីវីរុសបង្កជំងឺ?

នៅពេលដែលវានៅខាងក្រៅកោសិការបស់ភាវៈមានជីវិត វីរុសមិនមានសកម្មភាព មិនត្រូវការស៊ីអាហារ ហើយក៏មិនអាចបង្កើតកូនបានដែរ។ ប៉ុន្តែនៅពេលវាចូលទៅដល់ក្នុងកោសិកាមានជីវិត វានឹងប្រើប្រាស់សម្ភារៈរបស់កោសិកានោះដើម្បីផលិតវីរុសថ្មីៗជាច្រើន។ ការនេះហើយដែលធ្វើឱ្យភាវៈរស់ស្លាប់ ព្រោះតែកោសិកាត្រូវបានបំផ្លាញក្រោយពេលវីរុសបង្កើតកូនចៅរបស់វា។​ 

🤔ហេតុអ្វីវីរុសខ្លះបង្កជំងឺរលាកសួត តែវីរុសខ្លះទៀតបង្កជំងឺរលាកថ្លើម?

វីរុសមិនមែនចេះតែអាចចូលទៅក្នុងគ្រប់ប្រភេទកោសិកាបាននោះទេ ព្រោះវាត្រូវការឱ្យមានសញ្ញាត្រូវគ្នារវាងវីរុសនិងកោសិកានោះ (Receptor recognition )។ ដូច្នេះហើយទើបវីរុសខ្លះចូលចិត្តកោសិកាថ្លើម និងខ្លះទៀតចូលចិត្តកោសិកាសួត។ ទោះជាយ៉ាងនេះក្តី វីរុសខ្លះអាចវិវត្តខ្លួនពីការបង្កជំងឺលើសត្វ មកជាបង្កជំងឺលើមនុស្សផងដែរ។

🤔តើវីរុសអាចមានប្រយោជន៍ដែរឬទេ?

វីរុសខ្លះបន្តពូជនៅលើបាក់តេរី ដែលគេហៅថា បាក់តេរីយ៉ូផាស (Bacteriophage)។ ការបន្តពូជនេះធ្វើឱ្យបាក់តេរីងាប់ ដូច្នេះអ្នកវិទ្យាសាស្ត្រកំពុងស្រាវជ្រាវប្រើប្រាស់វាដើម្បីព្យាបាលជំងឺដែលបង្កដោយបាក់តេរី ដើម្បីជំនួសឱសថអង់ទីប្យូទិចដែលកំពុងបាត់បង់ប្រសិទ្ធភាព។


Reference:

ចែករំលែកអត្ថបទ (Share Post)
FacebookTelegram
ស៊ីណែត

ស៊ីណែត

ស៊ីណែត គឺជាអ្នកអប់រំ និងជាឱសថការី។ គាត់បានបញ្ចប់ការសិក្សាផ្នែកឱសថសាស្រ្តនៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅទីក្រុងភ្នំពេញនៅឆ្នាំ២០១៥។ នៅឆ្នាំ២០១៨ គាត់បានក្លាយជាគ្រូបង្រៀននៅវិទ្យាល័យអ៊ីធូស្ទេមព្រះយុគន្ធរក្នុងទីក្រុងភ្នំពេញ។ នៅទីនោះហើយដែល គាត់ចាប់ផ្តើមបង្កើតមាតិកាទាក់ទងវិទ្យាសាស្រ្ត និងបង្កើតទំព័រ វិទ្យាសាស្រ្តជីវិត ដែលបច្ចុប្បន្នវិវត្តមកជា រៀនវិទ្យាសាស្រ្តនេះ។ ចាប់ពីឆ្នាំ២០២៤ដល់២០២៥ គាត់បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំនៅសកលវិទ្យាល័យឃ្វីនស្លែនដ៍នៃរដ្ឋឃ្វីនស្លែនដ៍ប្រទេសអូស្ត្រាលី។

ស៊ីណែត