ឥទ្ធិពល Placebo៖ នៅពេលដែលជំនឿចិត្តក្លាយជាឱសថព្យាបាល
ឥទ្ធិពល Placebo (Placebo Effect)
មានរឿងពិតមួយដំណាលអំពីលោកយាយម្នាក់នៅជនបទ។ នៅពេលដែលគាត់មិនស្រួលខ្លួន គាត់ក៏ហៅពេទ្យភូមិមកពិនិត្យ។ នៅពេលដែលគ្រូពេទ្យមកដល់ គាត់ចាប់ផ្តើមវាស់សម្ពាធឈាមលោកយាយ។ ក្រោយពេលដែលគ្រូពេទ្យដកឧបករណ៍វាស់សម្ពាធឈាមចេញពីដៃលោកយាយភ្លាម លោកយាយក៏ប្រាប់ថាគាត់មានអារម្មណ៍ធូរស្បើយ។
ឧបករណ៍វាស់សម្ពាធឈាមគ្មានឥទ្ធិពលដោយផ្ទាល់ដើម្បីបំបាត់អារម្មណ៍មិនស្រួលខ្លួនរបស់លោកយាយឡើយ។ អញ្ចឹង តើហេតុអ្វីលោកយាយមានអារម្មណ៍ធូរស្បើយ?
តើអ្វីទៅជា Placebo?
ការដែលលោកយាយមានអារម្មណ៍ធូរស្បើយ គឺជាលក្ខណៈមួយដែលអាចកើតលើមនុស្សទូទៅ។ លក្ខណៈនេះកើតឡើងដោយសារឥទ្ធិពលម្យ៉ាងហៅថា ឥទ្ធិពល Placebo (Placebo Effect)។
នៅក្នុងផ្នែកឱសថសាស្ត្រ Placebo គឺជាគ្រាប់ថ្នាំដែលគ្មានសារធាតុសកម្ម (មានតែម្សៅធម្មតា តែរូបរាងដូចថ្នាំពិតប្រាកដ) ហើយគេប្រើវាដើម្បីប្រៀបធៀបជាមួយការព្យាបាលដោយឱសថធម្មតា។
ឧទាហរណ៍៖ ដើម្បីសិក្សាពីឥទ្ធិពលរបស់ឱសថបំបាត់ការឈឺចាប់មួយប្រភេទ គេត្រូវធ្វើការប្រៀបធៀបរវាងមនុស្ស ២ ក្រុម៖
- ក្រុមទី១៖ ទទួលបានឱសថពិតប្រាកដ។
- ក្រុមទី២៖ ទទួលបាន Placebo (ថ្នាំបញ្ឆោត)។
បើសិនជាក្រុមមនុស្សដែលលេប Placebo ទទួលបានលទ្ធផលធូរស្បើយដូចក្រុមមនុស្សដែលលេបឱសថពិតប្រាកដ មានន័យថាឱសថពិតប្រាកដនោះមិនសូវមានប្រសិទ្ធភាពបច្ចេកទេសប៉ុន្មានទេ តែវាជាឥទ្ធិពលនៃចិត្តទៅវិញ។
យន្តការនៃ Placebo Effect
Placebo ដំណើរការតាមរបៀបចិត្តសាស្ត្រ។ នៅពេលដែលអ្នកជំងឺគិតថាគាត់បានទទួលការព្យាបាល ឬបានលេបឱសថ ខួរក្បាលរបស់គាត់នឹងបញ្ជាឱ្យបញ្ចេញសារធាតុគីមីមួយចំនួន (ដូចជា Endorphins) ដែលធ្វើឱ្យគាត់មានអារម្មណ៍ធូរស្បើយ និងកាត់បន្ថយការឈឺចាប់។
តាមរយៈការយល់ដឹងអំពី Placebo Effect យើងមិនអាចមើលស្រាលឥទ្ធិពលរបស់ចិត្តរបស់អ្នកជំងឺចំពោះការធូរស្បើយពីជំងឺឡើយ។ ជំនឿចិត្ត និងភាពកក់ក្តៅពីគ្រូពេទ្យ គឺជាផ្នែកមួយដ៏សំខាន់នៃការព្យាបាល។

ស៊ីណែត
ស៊ីណែត គឺជាអ្នកអប់រំ និងជាឱសថការី។ គាត់បានបញ្ចប់ការសិក្សាផ្នែកឱសថសាស្រ្តនៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅទីក្រុងភ្នំពេញនៅឆ្នាំ២០១៥។ នៅឆ្នាំ២០១៨ គាត់បានក្លាយជាគ្រូបង្រៀននៅវិទ្យាល័យអ៊ីធូស្ទេមព្រះយុគន្ធរក្នុងទីក្រុងភ្នំពេញ។ នៅទីនោះហើយដែល គាត់ចាប់ផ្តើមបង្កើតមាតិកាទាក់ទងវិទ្យាសាស្រ្ត និងបង្កើតទំព័រ វិទ្យាសាស្រ្តជីវិត ដែលបច្ចុប្បន្នវិវត្តមកជា រៀនវិទ្យាសាស្រ្តនេះ។ ចាប់ពីឆ្នាំ២០២៤ដល់២០២៥ គាត់បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំនៅសកលវិទ្យាល័យឃ្វីនស្លែនដ៍នៃរដ្ឋឃ្វីនស្លែនដ៍ប្រទេសអូស្ត្រាលី។
ស៊ីណែត