ហេតុអ្វីបានជាយើងចូលចិត្តចង់ដឹង?
ហេតុអ្វីយើងចូលចិត្តចង់ដឹង?
«ហេតុអ្វីយើងចូលចិត្តចង់ដឹងរឿងគេ?» សំណួរនេះហាក់ដូចជាធ្ងន់បន្តិច ហើយអត្ថបទមួយនេះប្រហែលជាមិនអាចឆ្លើយសំណួរនេះដោយផ្ទាល់ឡើយ។ អត្ថបទនេះនឹងឆ្លើយសំណួរត្រឹមតែ ហេតុអ្វីយើងចូលចិត្តចង់ដឹង? ការឆ្លើយលំអិតនឹងសំណួរនេះមិនមែនជារឿងងាយស្រួលនោះទេ។ យើងប្រហែលជាត្រូវអានសៀវភៅនិងឯកសារស្រាវជ្រាវជាច្រើនដើម្បីទទួលបានចម្លើយពេញចិត្ត ហើយអត្ថបទនេះនឹងផ្តល់ជាសេចក្តីពន្យល់សង្ខេបប៉ុណ្ណោះ។
ការចង់ដឹងជាយន្តការរស់រាន (Survival Instinct)
អ្នកវិទ្យាសាស្ត្រគិតថាការចង់ដឹងគឺជាលក្ខណៈមួយដែលកើតឡើងដោយសារការវិវត្ត ពីព្រោះការចង់ដឹងនេះហើយដែលនឹងធ្វើអោយមនុស្សអាចមានអត្ថិភាពយូរអង្វែង។ សាកស្រមៃមើលថា បើសិនជាមនុស្សជំនាន់ដើមដែលរស់នៅក្នុងព្រៃមិនចាប់អារម្មណ៍ចង់ដឹង និងស្វែងរកថាតើព្រៃក្បែរកន្លែងដែលគេរស់នៅមានសត្វសាហាវ ឬអាហារច្រើនប៉ុណ្ណា មនុស្សទាំងនោះប្រហែលជាមិនរស់បង្កើតកូនចៅតមករហូតដល់មនុស្សជំនាន់នេះឡើយ។
ការចង់ដឹងនេះមិនមែនមានតែចំពោះមនុស្សឡើយ សូម្បីតែសត្វឥតឆ្អឹងកងដូចជាជន្លេនក៏អ្នកវិទ្យាសាស្ត្រសង្កេតឃើញអាកប្បកិរិយាចង់ដឹងនៅពេលស្វែងរកអាហារផងដែរ។ ហេតុនេះ វាមិនចម្លែកទេដែលយើងចូលចិត្តចង់ដឹងរឿងនេះរឿងនោះ ពីព្រោះលក្ខណៈនេះជាលក្ខណៈវិជ្ជមានដែលបុព្វបុរសយើងបានបញ្ជូនមកយើងតាមរយៈការវិវត្ត។
ខួរក្បាល និងសារធាតុដូប៉ាមីន (Dopamine)
ការសិក្សាទៅលើខួរក្បាលរកឃើញថា ការចង់ដឹងធ្វើអោយផ្នែកនៃខួរក្បាលដែលទទួលខុសត្រូវចំពោះការរៀនសូត្រមានសកម្មភាព។ លើសពីនេះ គេរកឃើញថា នៅពេលដែលតម្រូវការនៃការចង់ដឹងត្រូវបានបំពេញ ខួរក្បាលយើងមាននូវការបញ្ចេញសារធាតុគីមីនាំសារ ដូប៉ាមីន (Dopamine) ដូចនៅក្នុងករណីញៀនដែរ ដែលធ្វើអោយយើងមានអារម្មណ៍រីករាយហើយធ្វើអោយការរៀនសូត្រកាន់តែមានប្រសិទ្ធភាព។
យើងអាចនិយាយបានថា យើងប្រហែលជានឹងចាំរឿងដែលយើងចង់ដឹងបានយូរជាងរឿងដែលយើងដឹងដោយមិនចង់។
សេចក្តីសន្និដ្ឋាន
ការចូលចិត្តចង់ដឹងគឺជាលក្ខណៈធម្មតារបស់សត្វរួមទាំងមនុស្សផង។ ហើយការចង់ដឹងនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះការរៀនសូត្រ។ បើសិនជាយើងចង់រៀនរឿងអ្វីមួយបានល្អ ល្អបំផុតគឺយើងមានចំណាប់អារម្មណ៍ជាមួយរឿងនោះដូចដែលយើងមានចំណាប់អារម្មណ៍ចំពោះរឿងឯកជនខ្លះផងដែរ។
ឯកសារយោង៖
- Kidd, C., & Hayden, B. (2015). The Psychology and Neuroscience of Curiosity. Neuron, 88(3), 449-460.
- Britannica’s Curiosity Compass: The Science of Curiosity. (2020).

ស៊ីណែត
ស៊ីណែត គឺជាអ្នកអប់រំ និងជាឱសថការី។ គាត់បានបញ្ចប់ការសិក្សាផ្នែកឱសថសាស្រ្តនៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅទីក្រុងភ្នំពេញនៅឆ្នាំ២០១៥។ នៅឆ្នាំ២០១៨ គាត់បានក្លាយជាគ្រូបង្រៀននៅវិទ្យាល័យអ៊ីធូស្ទេមព្រះយុគន្ធរក្នុងទីក្រុងភ្នំពេញ។ នៅទីនោះហើយដែល គាត់ចាប់ផ្តើមបង្កើតមាតិកាទាក់ទងវិទ្យាសាស្រ្ត និងបង្កើតទំព័រ វិទ្យាសាស្រ្តជីវិត ដែលបច្ចុប្បន្នវិវត្តមកជា រៀនវិទ្យាសាស្រ្តនេះ។ ចាប់ពីឆ្នាំ២០២៤ដល់២០២៥ គាត់បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំនៅសកលវិទ្យាល័យឃ្វីនស្លែនដ៍នៃរដ្ឋឃ្វីនស្លែនដ៍ប្រទេសអូស្ត្រាលី។
ស៊ីណែត