ជីវវិទ្យា|
១៦ កុម្ភៈ ២០២៦
ស៊ីណែត

Neuralink៖ បច្ចេកវិទ្យាភ្ជាប់ខួរក្បាលមនុស្សទៅនឹងកុំព្យូទ័រ

Neuralink និងការវិវត្តនៃបច្ចេកវិទ្យាខួរក្បាល

កាលពីថ្ងៃទី២៨ ខែសីហា ២០២០ លោក Elon Musk បានបង្ហាញអំពីការវិវត្ត (“progress update”) នៃគម្រោងអភិវឌ្ឍឧបករណ៍ដាក់ចូលក្នុងខួរក្បាលហៅថា Neuralink។ ឧបករណ៍នេះត្រូវបាន Elon Musk អះអាងថានឹងអាចជួយព្យាបាលជំងឺទាក់ទងនឹងខួរក្បាលជាច្រើនរាប់ចាប់ពីបាក់ទឹកចិត្ត បាត់ការចងចាំ រហូតដល់ខ្វាក់និងថ្លង់។ គេរំពឹងថាវាក៏នឹងអាចជួយមនុស្សអោយភ្ជាប់ទំនាក់ទំនងពីខួរក្បាលដោយផ្ទាល់ទៅនឹងម៉ាសុីនដូចជាកុំព្យូទ័រនិងរ៉ូបូតផងដែរ។

តើឧបករណ៍ដ៏អស្ចារ្យនេះដំណើរការដូចម្តេច?

Neuralink ដំណើរការដោយផ្អែកលើគោលការណ៍នៃដំណើរការរបស់ខួរក្បាលដែលប្រព្រឹត្តទៅតាមរយៈណឺរ៉ូនដែលប្រើប្រាស់ចរន្តអគ្គិសនីដែលគេហៅថា Action potential។ ការគិត អារម្មណ៍ និងការគ្រប់គ្រងសកម្មភាពផ្សេងៗរបស់មនុស្សកើតឡើងដោយសារចរន្តអគ្គិសនីដែលឆ្លងកាត់ណឺរ៉ូនរួមជាមួយសារធាតុណឺរ៉ូនបញ្ជូនសារ (Neurotransmitter)។ នៅក្នុងករណីជំងឺខ្លះ ឬការប៉ះពាល់ខួរក្បាលមួយចំនួនធ្វើអោយការបញ្ជូនសញ្ញាដោយចរន្តអគ្គិសនីទាំងនេះមានការរាំងស្ទះ។

លក្ខណៈបច្ចេកទេសនៃ Neuralink

  • បន្ទះឈីប (Chip): មានទំហំ ៤មម x ៤មម។
  • ខ្សែអេឡិចត្រូត (Electrodes): មានទំហំតូចជាងសរសៃសក់ដែលអាចភ្ញោចណឺរ៉ូន និងកត់ត្រាចរន្តអគ្គិសនីដែលរត់តាមណឺរ៉ូន។ ក្នុងបន្ទះឈីបមួយអាចមានខ្សែអេឡិចត្រូតរហូតដល់ទៅ ១០០០ អេឡិចត្រូត។
  • ការប្រៀបធៀប: ឧបករណ៍ព្យាបាលជំងឺ Parkinson (Deep Brain Stimulation) ប្រើប្រាស់អេឡិចត្រូតតិចជាង និងធំជាង Neuralink។

ក្រុមហ៊ុន Neuralink អះអាងថាមនុស្សម្នាក់អាចនឹងដាំឧបករណ៍ Neuralink បានចំនួន ១០ ហើយភ្ជាប់ជាមួយបន្ទះឈីប គេនឹងមានឧបករណ៍ដែលមានថ្ម និងដុំ Bluetooth ដែលអនុញ្ញាតអោយគេភ្ជាប់ទំនាក់ទំនងទៅឧបករណ៍ខាងក្រៅដូចជាទូរស័ព្ទឬកុំព្យូទ័រតាមរយៈប្រព័ន្ធឥតខ្សែ។

ការវះកាត់ដោយប្រើរ៉ូបូត

ការបញ្ចូលឧបករណ៍ Neuralink ចូលទៅក្នុងខួរក្បាលត្រូវការប្រើប្រាស់រ៉ូបូតពិសេស ហើយមិនអាចត្រូវបានធ្វើដោយគ្រូពេទ្យវះកាត់ដោយផ្ទាល់បានឡើយ ដោយសារភាពតូចល្អិតខ្លាំងនៃខ្សែអេឡិចត្រូតដែលត្រូវជៀសវាងសរសៃឈាមតូចៗក្នុងខួរក្បាល។

ចែករំលែកអត្ថបទ (Share Post)
FacebookTelegram
ស៊ីណែត

ស៊ីណែត

ស៊ីណែត គឺជាអ្នកអប់រំ និងជាឱសថការី។ គាត់បានបញ្ចប់ការសិក្សាផ្នែកឱសថសាស្រ្តនៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅទីក្រុងភ្នំពេញនៅឆ្នាំ២០១៥។ នៅឆ្នាំ២០១៨ គាត់បានក្លាយជាគ្រូបង្រៀននៅវិទ្យាល័យអ៊ីធូស្ទេមព្រះយុគន្ធរក្នុងទីក្រុងភ្នំពេញ។ នៅទីនោះហើយដែល គាត់ចាប់ផ្តើមបង្កើតមាតិកាទាក់ទងវិទ្យាសាស្រ្ត និងបង្កើតទំព័រ វិទ្យាសាស្រ្តជីវិត ដែលបច្ចុប្បន្នវិវត្តមកជា រៀនវិទ្យាសាស្រ្តនេះ។ ចាប់ពីឆ្នាំ២០២៤ដល់២០២៥ គាត់បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំនៅសកលវិទ្យាល័យឃ្វីនស្លែនដ៍នៃរដ្ឋឃ្វីនស្លែនដ៍ប្រទេសអូស្ត្រាលី។

ស៊ីណែត