គ្រោះថ្នាក់នៃការប្រើប្រាស់ជាតិបារ៉តក្នុងផលិតផលធ្វើអោយស្បែកស
ការប្រើបារ៉តក្នុងផលិតផលធ្វើអោយស្បែកស
ការប្រើប្រាស់ផលិតផលធ្វើអោយស្បែកសហាក់មានសន្ទុះគួរអោយកត់សំគាល់ក្នុងស្រទាប់ប្រជាជនខ្មែរ ជាពិសេសក្នុងចំណោមស្ត្រីៗ។ ការពេញនិយមប្រើប្រាស់ផលិតផលធ្វើអោយស្បែកសនេះអាចជាឱកាសដ៏ល្អមួយសម្រាប់ឈ្មួញទុច្ចរិតដែលលក់ផលិតផលក្លែងបន្លំ ឬផលិតផលដែលប្រើប្រាស់សារធាតុគីមីហាមឃាត់ តួយ៉ាងគឺជាតិបារ៉តផ្ទាល់តែម្តង។
នៅក្នុងការស្រាវជ្រាវមួយទៅលើផលិតផលធ្វើអោយស្បែកសនៅក្នុងទីផ្សារមួយចំនួននៃទីក្រុងភ្នំពេញកាលពីឆ្នាំ២០១៥ គេបានរកឃើញថា ៤១% នៃផលិតផលដែលត្រូវបានយកមកវិភាគចំនួន ៦០ មុខមានផ្ទុកជាតិបារ៉ត។
ហេតុអ្វីបានជាគេលួចប្រើជាតិបារ៉ត?
បារ៉តអាចត្រូវបានគេប្រើប្រាស់នៅក្នុងដោយខុសច្បាប់នៅក្នុងផលិតផលធ្វើអោយស ដោយសារតែឥទ្ធពលបកស្បែករបស់វា។ តាមផ្នែកជីវសាស្រ្ត បារ៉តជាម៉ូលេគុលគីមីដែលអាចរារាំងការកកើតឡើងនូវជាតិមេឡានីន (Melanin) របស់ស្បែក។
ជាតិមេឡានីននេះហើយដែលធ្វើអោយស្បែកយើងមានពណ៌ក្រម៉ៅ។ វាត្រូវបានសំយោគដើម្បីការពារស្បែកយើងអំពីកាំរស្មីព្រះអាទិត្យ ហើយការស្រាវជ្រាវខ្លះបានបង្ហាញថាវាជួយការពារមិនអោយមានមហារីកស្បែកផងដែរ។
ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព
តាមរយៈការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិនទៅលើឥទ្ធិពលរបស់បារ៉ត នៅក្នុងផលិតផលធ្វើអោយស្បែកសដែលបានចុះផ្សាយកាលពីឆ្នាំ២០១៧ បានអោយដឹងថាជាតិបារ៉តអាចបង្កអោយមានបញ្ហាដូចជា៖
- បញ្ហាស្បែក និងមាត់៖ រលាកអញ្ចាញធ្មេញ និងខូចស្រទាប់ការពារស្បែក។
- ប្រព័ន្ធប្រសាទ៖ ឆាប់មួរម៉ៅ គេងមិនលក់ ញ័រអវៈយវៈ វិលមុខ និងបាត់បង់ការចងចាំ។
- សរីរាង្គខាងក្នុង៖ ប៉ះពាល់ក្រពះពោះវៀន (រលាក) និងធ្វើអោយខូចតម្រងនោមយ៉ាងធ្ងន់ធ្ងរ។
- សុខភាពមាតា៖ អាចបណ្តាលអោយមានគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ ឬរលូតកូន។
សូមប្រុងប្រយ័ត្នខ្ពស់ចំពោះផលិតផលដែលគ្មានប្រភពច្បាស់លាស់ ឬផលិតផលដែលសន្យាថានឹងធ្វើអោយស្បែកសក្នុងរយៈពេលខ្លីបំផុត។
Reference:
- Murphy, T., et al. (2015). Mercury Contamination of Skin-whitening Creams in Phnom Penh, Cambodia. Journal Of Health And Pollution.
- Sun, G., et al. (2017). Characteristics of Mercury Intoxication Induced by Skin-lightening Products. Chinese Medical Journal.

ស៊ីណែត
ស៊ីណែត គឺជាអ្នកអប់រំ និងជាឱសថការី។ គាត់បានបញ្ចប់ការសិក្សាផ្នែកឱសថសាស្រ្តនៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅទីក្រុងភ្នំពេញនៅឆ្នាំ២០១៥។ នៅឆ្នាំ២០១៨ គាត់បានក្លាយជាគ្រូបង្រៀននៅវិទ្យាល័យអ៊ីធូស្ទេមព្រះយុគន្ធរក្នុងទីក្រុងភ្នំពេញ។ នៅទីនោះហើយដែល គាត់ចាប់ផ្តើមបង្កើតមាតិកាទាក់ទងវិទ្យាសាស្រ្ត និងបង្កើតទំព័រ វិទ្យាសាស្រ្តជីវិត ដែលបច្ចុប្បន្នវិវត្តមកជា រៀនវិទ្យាសាស្រ្តនេះ។ ចាប់ពីឆ្នាំ២០២៤ដល់២០២៥ គាត់បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំនៅសកលវិទ្យាល័យឃ្វីនស្លែនដ៍នៃរដ្ឋឃ្វីនស្លែនដ៍ប្រទេសអូស្ត្រាលី។
ស៊ីណែត