ប្រព័ន្ធស៊ាំ
ប្រព័ន្ធស៊ាំ
ខ្លួនយើងម្នាក់ៗកំពុងរស់នៅក្នុងការគំរាមកំហែងពីសត្រូវដែលយើងមើលមិនឃើញដោយភ្នែកទទេ។ សត្រូវទាំងនោះគឺជាមេរោគដែលអាចកំពុងស្ថិតនៅក្នុងទីកន្លែងដែលយើងរស់នៅ។ មេរោគខ្លះកំពុងស្ថិតនៅលើខ្លួនប្រាណយើងតែម្តង ហើយចាំតែឱកាសដើម្បីធ្វើអោយយើងធ្លាក់ខ្លួនឈឺ។
តើខ្លួនយើងមានអ្វីដើម្បីការពារខ្លួនពីសត្រូវទាំងនេះ? (ជីវវិទ្យាថ្នាក់ទី៩និងទី១១ - ប្រព័ន្ធស៊ាំ)
សារពាង្គកាយមនុស្សយើងបំពាក់ដោយប្រព័ន្ធការពារដែលចែកជា ៣ ខ្សែត្រៀម៖
១. ខ្សែត្រៀមទី១
រួមមានស្បែក ស្លេស្ម ញើស ទឹកភ្នែក ទឹកមាត់និងអាសុីតក្រពះជាដើម។ ស្បែកគឺជាសរីរាង្គសំខាន់ជាងគេនៅក្នុងខ្សែត្រៀមទី១ ព្រោះវាជារបាំងមិនអោយមេរោគចូលមកក្នុងសារពាង្គកាយបាន។ បន្ថែមលើរបាំងដែលជាកម្មសិទ្ធរបស់សារពាង្គកាយយើង យើងក៏ពឹងផ្អែកលើបាក់តេរីមួយចំនួនដែលរស់នៅលើខ្លួនយើងដើម្បីការពារខ្លួនយើងពីមេរោគបង្កជំងឺផងដែរ។ ភ្ញាក់ផ្អើលមែនទេ? អ្នកអានមិនខុសទេ គឺបាក់តេរីដែលរស់នៅលើខ្លួនយើងខ្លះពិតជាការពារខ្លួនយើងពីបាក់តេរីបង្ករោគមែន។
២. ខ្សែត្រៀមទី២
នៅពេលដែលមេរោគឆ្លងផុតខ្សែត្រៀមទី១ ខ្សែត្រៀមទី២នឹងឆ្លើយតប។ ឧទាហរណ៍នៅពេលដែលខ្សែត្រៀមទី១ដូចជាស្បែកត្រូវបានធ្លុះធ្លាយ យើងនឹងសង្កេតឃើញមានប្រតិកម្មតបតមួយកើតឡើងដែលគេហៅថា តំណបរលាក (Inflammatory Response)។
តំណបរលាកនេះគឺមិនសំដៅដល់ការរលាកភ្លើងនោះទេ។ វាគឺជាប្រតិកម្មប្រឆាំងមេរោគនៅខ្សែត្រៀមទី២។ នៅពេលអ្នកមានរបួស អ្នកសង្កេតឃើញថាកន្លែងរបួសឡើងក្រហម ក្តៅ ហើមហើយឈឺ។ អាការៈទាំងនេះហើយជាលទ្ធផលនៃតំណបរលាក។ ជំងឺមុនដែលកើតលើស្បែកក៏ជាប្រភេទមួយនៃតំណបរលាកដែរ។
នៅក្នុងប្រតិកម្មនេះ កោសិកាដែលរងការខូចខាតបានបញ្ចេញសារធាតុគីមីអោយសញ្ញាមួយចំនួនដូចជា សុីតូគីន (Cytokine) និង អុីស្តាមីន (Histamine)។ សារធាតុទាំងនេះបានកោះហៅកោសិកាឈាមសដែលសុីមេរោគ និងធ្វើអោយភ្នាសរបស់សរសៃឈាមតូចៗនៅក្បែរបួសរីកធំជាងមុនអនុញ្ញាតអោយកោសិកានិងសមាសធាតុដែលសំលាប់មេរោគចេញពីក្នុងសរសៃឈាមឆ្ពោះទៅរកកន្លែងត្រូវរបួសនោះ។ ជាទូទៅនៅពេលដែលមានការប្រយុទ្ធគ្នាកាន់តែខ្លាំង មុខរបួសកាន់តែឈឺ ហើម ហើយមានខ្ទុះ។ ខ្ទុះគឺជាសាកសពរបស់មេរោគនិងកោសិកាឈាមសរបស់យើងដែលបានពលីជីវិតការពារយើង។ គេអោយឈ្មោះខ្សែត្រៀមទី២នេះថាជា តំណបស៊ាំមិនយថាប្រភេទ។
៣. ខ្សែត្រៀមទី៣
បើសិនជាមេរោគឆ្លងផុតខ្សែត្រៀមទាំង២ខាងលើ ខ្សែត្រៀមទី៣នឹងដំណើរការ។ វាមានលក្ខណៈខ្លាំងក្លានឹងច្បាស់លាស់ជាងមុន ហើយគេអោយឈ្មោះវាថា តំណបស៊ាំយថាប្រភេទ។ តួអង្គសំខាន់នៅក្នុងខ្សែត្រៀមទី៣គឺកោសិកាឈាមសមួយប្រភេទ ហៅថា ឡាំផូសុីត (Lymphocytes) ដែលចែកជា២ប្រភេទគឺ៖
- ឡាំផូសុីតបេ (B)
- ឡាំផូសុីតតេ (T)
ដំណើរការរបស់ខ្សែត្រៀមទី៣គឺតំរូវអោយមានការទទួលស្គាល់មេរោគដោយឡាំផូសុីត ហើយឡាំផូសុីតនឹងរៀបចំយុទ្ធសាស្រ្តប្រឆាំងមេរោគតាមរយៈការផលិត អង់ទីករ និងការផលិត កោសិកាឡាំផូសុីតលំនឹក (ឡាំផូសុីតដែលមានការចងចាំ) សំរាប់ការប្រយុទ្ធលើកក្រោយ។ ហេតុនេះហើយទើបពេលយើងធ្លាប់កើតកញ្ច្រឹលម្តងហើយ យើងនឹងមិនកើតម្តងទៀត។
គួរកត់សំគាល់ផងដែរថា ការចាក់វ៉ាក់សាំងគឺជាវិធីមួយក្នុងការភ្ញោចខ្សែត្រៀមទី៣អោយមានសកម្មភាពដោយមិនអោយយើងធ្លាក់ខ្លួនឈឺ។ ការចាក់វ៉ាក់សាំងប្រៀបដូចជាការរៀបចំសមយុទ្ធអោយខ្សែត្រៀមទី៣ស្គាល់ពីសត្រូវមុនការប្រយុទ្ធមែនទែនមកដល់អញ្ចឹង។
(នៅផុសបន្ទាប់ យើងនឹងមើលថាតើវ៉ាក់សាំងជាអ្វី ហើយវាដំណើរការដូចម្តេច?)

ស៊ីណែត
ស៊ីណែត គឺជាអ្នកអប់រំ និងជាឱសថការី។ គាត់បានបញ្ចប់ការសិក្សាផ្នែកឱសថសាស្រ្តនៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅទីក្រុងភ្នំពេញនៅឆ្នាំ២០១៥។ នៅឆ្នាំ២០១៨ គាត់បានក្លាយជាគ្រូបង្រៀននៅវិទ្យាល័យអ៊ីធូស្ទេមព្រះយុគន្ធរក្នុងទីក្រុងភ្នំពេញ។ នៅទីនោះហើយដែល គាត់ចាប់ផ្តើមបង្កើតមាតិកាទាក់ទងវិទ្យាសាស្រ្ត និងបង្កើតទំព័រ វិទ្យាសាស្រ្តជីវិត ដែលបច្ចុប្បន្នវិវត្តមកជា រៀនវិទ្យាសាស្រ្តនេះ។ ចាប់ពីឆ្នាំ២០២៤ដល់២០២៥ គាត់បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំនៅសកលវិទ្យាល័យឃ្វីនស្លែនដ៍នៃរដ្ឋឃ្វីនស្លែនដ៍ប្រទេសអូស្ត្រាលី។
ស៊ីណែត