ប្រព័ន្ធបញ្ចេញចោល៖ របៀបដែលរាងកាយកម្ចាត់កាកសំណល់
ប្រព័ន្ធបញ្ចេញចោល
ដំណើរការនានារបស់កោសិកាក្នុងសារពាង្គកាយតែងតែបន្សល់ទុកនូវកាកសំណល់។ ឧទាហរណ៍ដូចជា កាបូនឌីអុកស៊ីត គឺជាកាកសំណល់ដែលកើតឡើងពីការបំបែកគ្លុយកូសដើម្បីផលិតថាមពលរបស់កោសិកា ចំណែកសារធាតុអ៊ុយរ៉េគឺជាកាកសំណល់ដែលកើតឡើងពីការបំបែកអាស៊ីតអាមីនេជាដើម។
សារពាង្គកាយមនុស្សប្រៀបបាននឹងទីក្រុងមួយដែលបង្កើតកាកសំណល់រាល់ថ្ងៃ។ កាលណា កាកសំណល់ទាំងនេះប្រមូលផ្តុំច្រើននឹងធ្វើអោយពុលដល់សារពាង្គកាយហើយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ស្លាប់។ ដើម្បីដោះស្រាយបញ្ហានេះ ខ្លួនប្រាណមនុស្សបានដាក់ចេញនូវប្រព័ន្ធមួយចំនួនដើម្បីដកកាកសំណល់ចេញមកខាងក្រៅ។
តើខ្លួនប្រាណមនុស្សបញ្ចេញកាកសំណល់មកខាងក្រៅដោយរបៀបណាខ្លះ?
ខ្លួនប្រាណមនុស្សប្រើប្រាស់សរីរាង្គមួយចំនួនដើម្បីបញ្ចេញកាកសំណល់មកខាងក្រៅ រួមមាន៖
១. តម្រងនោម (Kidneys)
តម្រងនោមជាសរីរាង្គមួយគូដែលមានទំហំប៉ុនក្តាប់ដៃ ស្ថិតនៅផ្នែកខាងក្រោយនៃពោះក្រោមសន្ទះទ្រូង។
- មុខងារ៖ បញ្ចេញកាកសំណល់ដូចជាសារធាតុអ៊ុយរ៉េ និងអាស៊ីតអ៊ុយរិចតាមរយៈទឹកនោម។
- តុល្យភាព៖ រក្សាតុល្យភាពសារធាតុរាវ និងអ៊ីយ៉ុងក្នុងសារពាង្គកាយ ដែលពាក់ព័ន្ធនឹងសម្ពាធឈាម និងដំណើរការកោសិកាប្រសាទ។
២. ថ្លើម (Liver)
ថ្លើមស្ថិតនៅក្នុងពោះខាងលើក្រពះ និងពោះវៀនតូច។ វាត្រូវបានគេប្រៀបប្រដូចទៅនឹង "រោងចក្រគីមី" ក្នុងខ្លួនយើង។
- មុខងារ៖ ធ្វើមេតាបូលីសដើម្បីបំប្លែងជាតិពុល។ ឧទាហរណ៍៖ បំផ្លាញគោលិកាឈាមក្រហមចាស់ៗ ដើម្បីប្រមូលយកដែកទុក និងបញ្ចេញកាកសំណល់ឈ្មោះ ប៊ីលីរូប៊ីន (Bilirubin)។
៣. ស្បែក (Skin)
ស្បែកបញ្ចេញញើសដែលមានជាតិទឹក អំបិល និងជាតិអ៊ុយរ៉េតិចតួច។
- សម្គាល់៖ តួនាទីសំខាន់បំផុតនៃការចេញញើសគឺ ដើម្បីបន្ថយកម្ដៅ មិនមែនដើម្បីដកជាតិពុលជាចម្បងនោះទេ។ ជាតិពុលភាគច្រើនត្រូវកម្ចាត់ចោលតាមតម្រងនោម និងថ្លើម។
៤. ពោះវៀនធំ (Large Intestine)
ទទួលបន្ទុកបញ្ចេញកាកសំណល់ដែលមិនត្រូវបានរំលាយពីអាហារ។
- ពណ៌លាមក៖ លាមករបស់មនុស្សមានពណ៌លឿង ដោយសារវាប្រមូលកាកសំណល់ ប៊ីលីរូប៊ីន ដែលបញ្ចេញមកពីថ្លើមតាមរយៈទឹកប្រម៉ាត់។
៥. សួត (Lungs)
សួតបញ្ចេញកាបូនឌីអុកស៊ីត () ដែលជាកាកសំណល់នៃដង្ហើមកោសិកា។
- យន្តការគីមី៖ ក្នុងឈាម មួយផ្នែកធំត្រូវបានដឹកនាំក្រោមទម្រង់ជាអាស៊ីតកាបូនិច៖ អាស៊ីតកាបូនិច () នេះធ្វើឱ្យឈាមមានកម្រិត pH ជាអាស៊ីត ដែលជំរុញឱ្យខួរកញ្ចឹងកបញ្ជាឱ្យយើងដកដង្ហើមញាប់ដើម្បីបញ្ចេញវាចោល។

ស៊ីណែត
ស៊ីណែត គឺជាអ្នកអប់រំ និងជាឱសថការី។ គាត់បានបញ្ចប់ការសិក្សាផ្នែកឱសថសាស្រ្តនៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅទីក្រុងភ្នំពេញនៅឆ្នាំ២០១៥។ នៅឆ្នាំ២០១៨ គាត់បានក្លាយជាគ្រូបង្រៀននៅវិទ្យាល័យអ៊ីធូស្ទេមព្រះយុគន្ធរក្នុងទីក្រុងភ្នំពេញ។ នៅទីនោះហើយដែល គាត់ចាប់ផ្តើមបង្កើតមាតិកាទាក់ទងវិទ្យាសាស្រ្ត និងបង្កើតទំព័រ វិទ្យាសាស្រ្តជីវិត ដែលបច្ចុប្បន្នវិវត្តមកជា រៀនវិទ្យាសាស្រ្តនេះ។ ចាប់ពីឆ្នាំ២០២៤ដល់២០២៥ គាត់បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំនៅសកលវិទ្យាល័យឃ្វីនស្លែនដ៍នៃរដ្ឋឃ្វីនស្លែនដ៍ប្រទេសអូស្ត្រាលី។
ស៊ីណែត