ព្រូនទំពក់អាចការពារមនុស្សពីការកើតជំងឺហឺត
ព្រូនទំពក់អាចការពារមនុស្សពីការកើតជំងឺហឺត
ខ្ញុំកើតនិងធំធាត់នៅជនបទ។ តាំងពីដឹងក្តីរហូតដល់ចប់បាក់ឌុប ខ្ញុំមិនដែលស្គាល់អ្នកណាម្នាក់ដែលមានជំងឺហឺតទាល់តែសោះ។ ខ្ញុំស្គាល់ឈ្មោះជំងឺនេះតាមតែរឿងកុនបរទេស។ ជំងឺនេះទើបតែធ្វើអោយខ្ញុំចាប់អារម្មណ៍នៅពេលខ្ញុំរៀនចប់ពីមហាវិទ្យាល័យ ហើយធ្វើការជាមួយលោកវេជ្ជបណ្ឌិតម្នាក់ដែលមានបទពិសោធន៍ស្រាវជ្រាវផ្នែកជំងឺផ្លូវដង្ហើម។ លោកវេជ្ជបណ្ឌិតបានប្រាប់ខ្ញុំថាជំងឺហឺតភាគច្រើនកើតតែនៅប្រទេសអភិវឌ្ឍន៍។
ហេតុអ្វីជំងឺនេះកើតច្រើនតែនៅប្រទេសអភិវឌ្ឍន៍?
មុននឹងឈានដល់ការពន្យល់មូលហេតុដែលឆ្លើយតបសំណួរខាងលើ យើងគប្បីស្គាល់អំពីជំងឺហឺតជាមុនសិន។ ជំងឺហឺតគឺជាជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ។ ការរលាកផ្លូវដង្ហើមនេះកើតឡើងដោយសារប្រតិកម្មអាឡែកសុី។ ភ្នាក់ងារធ្វើអោយអាឡែកសុី (Allergen ដូចជាលំអងផ្កា សត្វឆ្មាជាដើម) ជំរុញអោយកោសិកានៅផ្លូវខ្យល់ដង្ហើមប្រតិកម្មតប ធ្វើអោយផ្លូវខ្យល់ដង្ហើមរួមតូច ហើយអ្នកជំងឺពិបាកក្នុងការដកដង្ហើម។
ការដែលជំងឺហឺតច្រើនកើតតែនៅប្រទេសអភិវឌ្ឍន៍ធ្វើអោយអ្នកស្រាវជ្រាវជាច្រើន ចាប់អារម្មណ៍ជាខ្លាំង។ នៅក្នុងអត្ថបទវិទ្យាសាស្រ្តមួយដែលបានពិនិត្យទៅលើការស្រាវជ្រាវចំនួន ៥៧ ចន្លោះពីឆ្នាំ ១៩៦៦ ដល់ឆ្នាំ ២០០៦ បានធ្វើសេចក្តីសន្និដ្ឋានមួយដែលប្រហែលជាអាចពន្យល់របាយមិនស្មើគ្នានៃជំងឺនេះនៅលើពិភពលោក។
តាមរយៈអត្ថបទនេះ អ្នកស្រាវជ្រាវបានផ្តល់នូវសេចក្តីសន្និដ្ឋានគួរអោយចាប់អារម្មណ៍គឺ៖ ការមានព្រូននៅក្នុងពោះវៀនជាពិសេសគឺព្រូនទំពក់អាចជួយកាត់បន្ថយអត្រានៃការកើតជំងឺហឺត។
[Image of hookworm in the human intestine]
អ្នកស្រាវជ្រាវបានពន្យល់ថា ព្រូននៅក្នុងពោះវៀនមានឥទ្ធិពលទប់មិនអោយប្រព័ន្ធស៊ាំរបស់យើងប្រតិកម្មតប (ប្រតិកម្មអាលែកសុី) ទៅនឹងភ្នាក់ងារដែលធ្វើអោយមានអាឡែកសុី។
បើសិនជាបរាសិតពោះវៀនអាចកាត់បន្ថយហានិភ័យជំងឺហឺត តើបរាសិតពោះវៀនទាំងនេះអាចជាឧបករណ៍ព្យាបាលជំងឺហឺត ឬជំងឺអាឡែកសុីផ្សេងទៀតដែរឬទេ? យើងនឹងមើលចម្លើយនៃសំណួរនេះនៅអត្ថបទក្រោយ។
Reference:
- Global Asthma Network. (2018). The Global Asthma Report 2018 (pp. 16-17).
- Leonardi-Bee, J., Pritchard, D., & Britton, J. (2006). Asthma and Current Intestinal Parasite Infection. American Journal Of Respiratory And Critical Care Medicine, 174(5), 514-523.

ស៊ីណែត
ស៊ីណែត គឺជាអ្នកអប់រំ និងជាឱសថការី។ គាត់បានបញ្ចប់ការសិក្សាផ្នែកឱសថសាស្រ្តនៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅទីក្រុងភ្នំពេញនៅឆ្នាំ២០១៥។ នៅឆ្នាំ២០១៨ គាត់បានក្លាយជាគ្រូបង្រៀននៅវិទ្យាល័យអ៊ីធូស្ទេមព្រះយុគន្ធរក្នុងទីក្រុងភ្នំពេញ។ នៅទីនោះហើយដែល គាត់ចាប់ផ្តើមបង្កើតមាតិកាទាក់ទងវិទ្យាសាស្រ្ត និងបង្កើតទំព័រ វិទ្យាសាស្រ្តជីវិត ដែលបច្ចុប្បន្នវិវត្តមកជា រៀនវិទ្យាសាស្រ្តនេះ។ ចាប់ពីឆ្នាំ២០២៤ដល់២០២៥ គាត់បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំនៅសកលវិទ្យាល័យឃ្វីនស្លែនដ៍នៃរដ្ឋឃ្វីនស្លែនដ៍ប្រទេសអូស្ត្រាលី។
ស៊ីណែត