វដ្តជីវិតរបស់វីរុស HIV
វដ្តជីវិតរបស់វីរុស HIV
បើគិតចាប់ការកកកើតនៃវីរុសម្យ៉ាងដែលមានឈ្មោះថា HIV (Human Immunodeficiency Virus) ដែលបង្កជម្ងឺអេដស៍ (AIDS: Acquired Immunodeficiency Syndrome) បានឆ្លងរីករាលដាលដល់មនុស្សជុំវិញពិភពលោក ចំនួន ៧៦ លាននាក់មកហើយ ក្នុងនោះមានអ្នកស្លាប់រហូតដល់ទៅ ៣៣ លាននាក់ឯណោះ។ បើគិតត្រឹមចុងឆ្នាំ ២០១៩ អ្នកដែលមានផ្ទុកមេរោគនេះ ហើយនៅរស់មានចំនួន ៣៨ លាននាក់។
ថ្វីត្បិតតែជម្ងឺអេដស៍មិនអាចព្យាបាលឱ្យជាសះស្បើយក៏ពិតមែន ប៉ុន្តែដោយវិទ្យាសាស្ត្រជឿនលឿន បច្ចុប្បន្នអ្នកដែលមានផ្ទុកវីរុស HIV នៅតែអាចមានជីវិតរស់នៅដូចធម្មតាតែត្រូវលេបថ្នាំ ឬពិគ្រោះជាមួយគ្រូពេទ្យជាប់ជានិច្ច។ ហេតុនេះហើយទើបបច្ចុប្បន្នពុំសូវមានអ្នកស្លាប់ច្រើនដោយសារជម្ងឺមួយនេះ។
សម្រាប់អត្ថបទនេះ ខ្ញុំចង់លើកយកពីដំណើរវដ្តជីវិតរបស់វីរុស HIV។ តែយើងប្រហែលជាត្រូវស្វែងយល់ពីពាក្យបច្គេកទេសមួយចំនួនសិន ដើម្បីងាយស្រួលយល់ពីដំណាក់កាលរបស់វា។
#ពាក្យគន្លឹះ
- រេត្រូវីរុស (Retrovirus): ជាវីរុសដែលមានព័ត៌មានសេនេទិចជា ARN ខុសពីភាវៈរស់ទូទៅនិងវីរុសជាច្រើនទៀតដែលមានព័ត៌មានសេនេទិចជា ADN។
- Reverse Transcriptase: គឺជាអង់សុីមដែលបម្លែង ARN របស់វីរុស HIV ទៅជា ADN។
- Integrase: គឺជាអង់សុីមដែលបញ្ចូល ADN វីរុសដែលបម្លែងបាន ទៅក្នុង ADN របស់កោសិកាធ្មួល។
- Protease: គឺជាអង់សុីមដែលផ្តាច់ម៉ូលេគុលខ្សែវែងរបស់ប្រូតេអ៊ីន ឱ្យទៅជាប្រូតេអុីនដែលអាចប្រើប្រាស់បាន។
ដោយសារវីរុស HIV ជារេត្រូវីរុស ដូច្នេះដំណាក់កាលនៃការបន្តពូជរបស់វា រាងខុសប្លែកវីរុសដទៃបន្តិច។ គោលដៅរបស់វីរុសនេះគឺមកបំផ្លាញប្រព័ន្ធសុាំរបស់យើង ដូច្នេះពេលដែលវាចូលមកដល់ក្នុងខ្លួនយើង វាបន្តពូជដោយប្រើប្រាស់កោសិកាប្រព័ន្ធសុាំរបស់យើងម្យ៉ាងឈ្មោះថា CD4 (ឡាំផូសុីត T ជំនួយ) តាមដំណាក់កាលដូចខាងក្រោម៖
#វដ្តជីវិតរបស់វីរុស HIV (អេដស៍)
- Binding: វាភ្ជាប់ខ្លួនវាទៅនឹងកោសិកា CD4។
- Fusion: វាបញ្ចូល ARN ទៅក្នុងកោសិកាធ្មួល (CD4)។
- Reverse Transcription: បម្លែងខ្លួនវាពី ARN ទៅជា ADN ដោយប្រើអង់សុីម (Reverse Transcriptase)។
- Integration: វាបញ្ចូល ADN ដែលបម្លែងបានទៅក្នុង ADN របស់កោសិកា CD4។
- Replication: វាប្រើប្រាស់កោសិកា CD4 ដើម្បីផលិតប្រូតេអុីនតាមព័ត៌មានដែលមានក្នុង ADN។
- Assembly: ARN និងប្រូតេអុីនដែលផលិតបានចាប់ផ្តើមផ្គុំគ្នានៅភ្នាសសុីតូប្លាសក្លាយជាវីរុសថ្មី ប៉ុន្តែមិនទាន់ពេញលក្ខណ:នៅឡើយ។
- Budding: វាផ្តាច់ខ្លួនវាចេញពីកោសិកា CD4 និងប្រើប្រាស់អង់សុីម (Protease) ដើម្បីផ្តាច់ម៉ូលេគុលវែងរបស់ប្រតេអុីន ឱ្យវីរុសថ្មីនោះពេញលក្ខណ: (អាចបង្កជម្ងឺនិងបន្តពូជបាន)។
#សំណួរត្រិះរិះ 😁
១. តើវីរុសធម្មតានិងរេត្រូវីរុសខុសគ្នាដូចម្តេច? ២. វដ្តជីវិតរបស់ពួកវាខុសគ្នាបន្តិចបន្តួច តើខុសត្រង់ណា?
សូមបញ្ចេញមតិឆ្លើយនៅខាងក្រោម!
ឯកសារយោង៖
- WHO HIV/AIDS Data
- អត្ថបទរៀបចំដោយយុវសិស្ស៖ Hoeun Maneth

ស៊ីណែត
ស៊ីណែត គឺជាអ្នកអប់រំ និងជាឱសថការី។ គាត់បានបញ្ចប់ការសិក្សាផ្នែកឱសថសាស្រ្តនៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅទីក្រុងភ្នំពេញនៅឆ្នាំ២០១៥។ នៅឆ្នាំ២០១៨ គាត់បានក្លាយជាគ្រូបង្រៀននៅវិទ្យាល័យអ៊ីធូស្ទេមព្រះយុគន្ធរក្នុងទីក្រុងភ្នំពេញ។ នៅទីនោះហើយដែល គាត់ចាប់ផ្តើមបង្កើតមាតិកាទាក់ទងវិទ្យាសាស្រ្ត និងបង្កើតទំព័រ វិទ្យាសាស្រ្តជីវិត ដែលបច្ចុប្បន្នវិវត្តមកជា រៀនវិទ្យាសាស្រ្តនេះ។ ចាប់ពីឆ្នាំ២០២៤ដល់២០២៥ គាត់បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំនៅសកលវិទ្យាល័យឃ្វីនស្លែនដ៍នៃរដ្ឋឃ្វីនស្លែនដ៍ប្រទេសអូស្ត្រាលី។
ស៊ីណែត