វិធីសាស្រ្តរៀនជីវវិទ្យាឱ្យមានប្រសិទ្ធភាព
វិធីសាស្រ្តរៀនជីវវិទ្យា
ជីវវិទ្យាជាមុខវិជ្ជាមួយដែលសិក្សាអំពីដំណើរការនៅក្នុងភាវៈមានជីវិត។ មុខវិជ្ជាមួយនេះ មិនត្រូវការការគណនាច្រើនដូចរូបវិទ្យាឡើយ ប៉ុន្តែវាទាមទារអោយមានការយល់និងចងចាំច្រើន។ ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួនដើម្បីរៀនមុខវិជ្ជាជីវវិទ្យានេះដោយប្រសិទ្ធិភាព៖
👉 រៀនពីគំនិតទូទៅ រួចចាំលំអិតលើចំនុចតូចៗ
ជាក់ស្តែង នៅក្នុងកម្មវិធីសិក្សាជីវវិទ្យា នៅថ្នាក់តូចយើងរៀនពីគំនិតទូទៅ (ឧទាហរណ៍ អ្វីជាភាវៈមានជីវិត អ្វីជាភាវៈគ្មានជីវិត) ហើយនៅពេលដែលយើងរៀនកាន់តែខ្ពស់យើងកាន់តែលំអិតបន្តិចម្តងៗ (ដំណើរការនៅក្នុងភាវៈមានជីវិត ដង្ហើម ចំណែកកោសិកា ។ល។)។ ការយល់រឿងទូទៅជាមុនអាចធ្វើអោយយើងងាយយល់និងចង់ចាំនូវរឿងលំអិត។
ឧទាហរណ៍៖ ដើម្បីងាយស្រួលយល់អំពីដំណើរការសំយោគប្រូតេអុីន យើងចាំបាច់ត្រូវយល់អំពីលក្ខណៈរបស់កោសិកាថាកោសិកាមានធាតុបង្កអ្វីខ្លះ អ្វីជាណ្វៃយ៉ូ អ្វីជាសុីតូប្លាស់ អ្វីជា ADN អ្វីជា ARN អ្វីជាប្រូតេអុីនជាដើម។
👉 រៀនដូចមើលរឿងភាគ
មេរៀនជីវវិទ្យាភាគច្រើនមានលក្ខណៈប្រទាក់ក្រឡាគ្នាពីមួយទៅមួយ ហេតុនេះហើយការដែលយើងខកខានមិនបានរៀននិងយល់ចំណុចណាមួយអាចធ្វើអោយការយល់ចំណុចផ្សេងទៀតមានលក្ខណៈលំបាក។
ឧទាហរណ៍៖ នៅក្នុងការសិក្សាអង់សុីមយើងចាំបាច់យល់អំពីលក្ខណៈរបស់ប្រូតេអុីនជាមុនសិន ព្រោះមេរៀន២នេះមានទំនាក់ទំនងគ្នា (អង់សុីមស្ទើរតែទាំងអស់កើតពីប្រូតេអុីន) ហើយការយល់អំពីលក្ខណៈរបស់ប្រូតេអុីនដូចជា ប្រូតេអុីនងាយខូចដោយកំដៅ អាចអោយយើងយល់ពីមូលហេតុដែលគេនិយាយថាអង់សុីមងាយបាត់បង់សកម្មភាពដោយសារកំដៅ។
👉 ប្រើប្រាស់ដ្យាក្រាមនិងរូបភាព
ការប្រើប្រាស់ដ្យាក្រាមនិងរូបភាពមានសារៈសំខាន់ណាស់នៅក្នុងការរៀនជីវវិទ្យា ព្រោះមុខវិជ្ជានេះត្រូវការអោយយើងបញ្ចូលនូវទិន្នន័យច្រើនទៅក្នុងខួរក្បាលយើង ហើយការបញ្ចូលទិន្នន័យទាំងនេះតាមរយៈអក្សរសរសេរមានលក្ខណៈលំបាកជាងការបញ្ចូលទិន្នន័យជារូបភាព។
ឧទាហរណ៍៖ នៅពេលដែលយើងរៀនអំពីផ្នែកផ្សេងៗនៃកោសិកាប្រសាទ (ណឺរ៉ូន) ការដែលយើងសរសេររៀបរាប់ថាដង់ឌ្រីតនៅកន្លែងណា អាក់សូននៅកន្លែងណា ធ្វើអោយយើងពិបាកចាំជាជាងយើងគូររូបណឺរ៉ូនហើយដាក់ឈ្មោះផ្នែកនីមួយៗ។
👉 ស្វែងយល់ពីឬសនៃពាក្យបច្ចេកទេស
វិធីសាស្រ្តមួយដើម្បីចាំពាក្យបច្ចេកទេសគឺរៀនអំពីឬសនៃពាក្យនោះ។ ការរៀនពាក្យបច្ចេកទេសនេះមានលក្ខណៈងាយស្រួលសម្រាប់អ្នកដែលរៀនជីវវិទ្យាជាភាសាអង់គ្លេសជាងអ្នកដែលរៀនជាភាសាជាតិយើង។
- Phage (ផាស): ឬសពាក្យមានន័យថា "ស៊ី"
- Cyte (ស៊ីត): ឬសពាក្យមានន័យថា "កោសិកា"
- Phagocyte (ផាកូស៊ីត): កោសិកាដែលស៊ីមេរោគនិងកាកសំណល់
- Bacteriophage (បាក់តេរីយ៉ូផាស): វីរុសដែលស៊ីបាក់តេរី
👉 បង្កើត Flashcard ដើម្បីរៀនពាក្យគន្លឹះនិងនិយមន័យ
Flashcard គឺវិធីសាស្រ្តមានប្រសិទ្ធភាពនៅក្នុងការរៀននិយមន័យ។ យើងសរសេរពាក្យគន្លឹះនៅម្ខាង ហើយនិងនិយមន័យនៅម្ខាងទៀត។ យើងអាចប្រើកម្មវិធីដូចជា Quizlet ដើម្បីរំលឹកនិយមន័យដោយមើលពាក្យ ឬរំលឹកពាក្យដោយមើលនិយមន័យ។
👉 ប្រើប្រាស់បច្ចេកទេសដើម្បីចងចាំ (Mnemonic)
បច្ចេកទេសដែលពេញនិយមមួយគឺវិធី Mnemonic ដែលជាការយកពាក្យខាងដើមមកបញ្ចូលគ្នាជាប្រយោគកំប្លែងៗ។
- ឧទាហរណ៍៖ ដើម្បីចាំវគ្គនីមួយៗនៃមីតូស យើងអាចទន្ញេញប្រយោគមួយគឺ «ប្រុសៗមិនដែលស្មោះអាណាទេ»
- ប្រុស = ប្រូផាស (Prophase)
- មិនដែល = មេតាផាស (Metaphase)
- អាណា = អាណាផាស (Anaphase)
- ទេ = តេឡូផាស (Telophase)
តើអ្នកមានវិធីសាស្រ្តអ្វីបន្ថែមទៀតទេ? បញ្ចេញមតិនៅខាងក្រោម!

ស៊ីណែត
ស៊ីណែត គឺជាអ្នកអប់រំ និងជាឱសថការី។ គាត់បានបញ្ចប់ការសិក្សាផ្នែកឱសថសាស្រ្តនៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅទីក្រុងភ្នំពេញនៅឆ្នាំ២០១៥។ នៅឆ្នាំ២០១៨ គាត់បានក្លាយជាគ្រូបង្រៀននៅវិទ្យាល័យអ៊ីធូស្ទេមព្រះយុគន្ធរក្នុងទីក្រុងភ្នំពេញ។ នៅទីនោះហើយដែល គាត់ចាប់ផ្តើមបង្កើតមាតិកាទាក់ទងវិទ្យាសាស្រ្ត និងបង្កើតទំព័រ វិទ្យាសាស្រ្តជីវិត ដែលបច្ចុប្បន្នវិវត្តមកជា រៀនវិទ្យាសាស្រ្តនេះ។ ចាប់ពីឆ្នាំ២០២៤ដល់២០២៥ គាត់បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំនៅសកលវិទ្យាល័យឃ្វីនស្លែនដ៍នៃរដ្ឋឃ្វីនស្លែនដ៍ប្រទេសអូស្ត្រាលី។
ស៊ីណែត