ជីវវិទ្យា|
១៦ កុម្ភៈ ២០២៦
ស៊ីណែត

ជម្រើសដោយធម្មជាតិ៖ អាថ៌កំបាំងនៃការរស់រានរបស់ភាវៈរស់

ជម្រើសដោយធម្មជាតិ (Natural Selection)

ឆាលដាវិន (Charles Darwin) បាននិយាយថា «ភាវៈរស់ដែលនឹងបន្តជីវិតរស់បានមិនមែនជាភាវៈមានជីវិតដែលខ្លាំងជាងគេ ឬ ឆ្លាតជាងគេនោះទេ តែគឺជាភាវៈមានជីវិតដែលអាចសម្របទៅនឹងការផ្លាស់ប្តូរ»។ ឃ្លានេះត្រូវសម្រាប់ជីវវិទ្យា ហើយក៏ត្រូវសម្រាប់អាជីវកម្មផងដែរ។ ដោយសារ Admin ជាគ្រូជីវវិទ្យា ចឹង Admin សុំនិយាយត្រឹមតែការសម្របរបស់ភាវៈរស់ប៉ុណ្ណោះ។ ការសម្របរបស់អាជីវកម្មទុកអោយអ្នកជំនាញអាជីវកម្មទៅចុះ។

ការបង្កើតឡើងនូវទ្រឹស្តីនៃការវិវត្តរបស់ឆាលដាវីនគឺជាបដិវត្តមួយនៅក្នុងផ្នែកវិទ្យាសាស្ត្រជីវិត។ តើការវិវត្តជាអ្វី? ហើយអ្វីទៅជាជម្រើសដោយធម្មជាតិ?

តាមទ្រឹស្តីអំពីការវិវត្ត ភាវៈមានជីវិតទាំងអស់នៅលើផែនដីសុទ្ធតែវិវត្តពីភាវៈដើមដំបូងរួមគ្នា។ ជាក់ស្តែង អ្នកវិទ្យាសាស្ត្របានបង្កើតការសន្និដ្ឋានថាភាវៈរស់ដំបូងដែលលេចឡើងនៅលើផែនដីកាលពីជាង ៣ ពាន់លានឆ្នាំមុនគឺជាសារពាង្គកាយឯកកោសិកា (បាក់តេរី)។ ឆ្លងតាមរយៈពេលសារពាង្គកាយនេះក៏វិវត្តកាន់តែស្មុគស្មាញទៅៗរហូតដល់បង្កើតបានគ្រប់សព្វសត្វនិងភាវៈរស់ដែលយើងសង្កេតឃើញនាពេលបច្ចុប្បន្នរួមទាំងមនុស្សផង។

ជម្រើសធម្មជាតិ គឺជាដំណើរការនៃធម្មជាតិដែលជំរុញអោយភាវៈមានជីវិតវិវត្តដើម្បីសម្របទៅនឹងមជ្ឈដ្ឋានដែលវារស់នៅ។ 

តើជម្រើសធម្មជាតិកើតឡើងដូចម្តេច?

លក្ខណៈដែលយើងមើលឃើញរបស់ភាវៈមានជីវិតត្រូវបានចារនៅក្នុងម៉ូលេគុលគីមីដែលយើងហៅថាអាស៊ីតនុយក្លេអិច ADN ឬ ARN ។ អាស៊ីតនុយក្លេអិចទាំងនេះអាចហៅថាជាសម្ភារៈតំណពូជ (ឬសម្ភារៈសេនេទិចតាមភាសាបារាំង)។

ចំណេះដឹងបន្ថែម៖ ប្រសិនបើប្រិយមិត្តចង់ដឹងច្បាស់អំពីអាស៊ីតនុយក្លេអិច​ សូមមើលវីដេអូទាំងនេះ៖ DNA/RNA Playlist

តទៅនេះគឺជារបៀបដែលជម្រើសធម្មជាតិដំណើរការ៖

  1. មុយតាស្យុង៖ អាស៊ីតនុយក្លេអិចរបស់ភាវៈមានជីវិតអាចរងនូវការប្រែប្រួលដែលហៅថាមុយតាស្យុង។
  2. ការលេចចេញលក្ខណៈថ្មី៖ ការប្រែប្រួលទាំងនោះអាចធ្វើអោយភាវៈមានជីវិតលេចចេញនូវលក្ខណៈថ្មី (ខ្លះល្អ ខ្លះអាក្រក់)។
  3. ការរើសសម្រាំង៖ ភាវៈដែលមានលក្ខណៈមិនល្អនឹងងាប់បាត់បង់ទៅ ចំណែកភាវៈរស់ដែលទទួលបានលក្ខណៈអំណោយផលនឹងបន្តរស់ ហើយបញ្ជូនបន្តទៅកូនចៅជំនាន់ក្រោយ។

ឧទាហរណ៍៖ នៅទ្វីបអាហ្វ្រិក គេសង្កេតឃើញមានករណីជំងឺកោសិកាឈាមក្រហមរាងកណ្តៀវកើតឡើងច្រើន។ ដ្បិតវាធ្វើអោយមនុស្សស្លេកស្លាំង តែវាក៏បានជួយការពារមនុស្សពីការបង្កជំងឺដោយបរាសិតគ្រុនចាញ់ ដែលជាជំងឺសំបូរបំផុតក្នុងតំបន់នោះ។ នេះហើយជាជម្រើសរបស់ធម្មជាតិដើម្បីរស់!


សំណួរត្រិះរិះ

សំណួរមួយដែលមាននៅក្នុងខួរក្បាល Admin គឺ តើបច្ចុប្បន្នមានមនុស្សដែលមានលក្ខណៈស៊ាំជាមួយវីរុសកូវីត-១៩ ដែរឬទេ? តើមានប៉ុន្មានភាគរយ? Admin ឆ្ងល់ព្រោះតែអ្នកវិទ្យាសាស្ត្រដែលស្រាវជ្រាវអំពីជំងឺអេដស៍បានរកឃើញថានៅលើលោកនេះ មានមនុស្សដែលមានលក្ខណៈស៊ាំជាមួយវីរុស HIV ពីធម្មជាតិ (HIV Controllers)។

អានបន្ថែម៖

ចែករំលែកអត្ថបទ (Share Post)
FacebookTelegram
ស៊ីណែត

ស៊ីណែត

ស៊ីណែត គឺជាអ្នកអប់រំ និងជាឱសថការី។ គាត់បានបញ្ចប់ការសិក្សាផ្នែកឱសថសាស្រ្តនៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅទីក្រុងភ្នំពេញនៅឆ្នាំ២០១៥។ នៅឆ្នាំ២០១៨ គាត់បានក្លាយជាគ្រូបង្រៀននៅវិទ្យាល័យអ៊ីធូស្ទេមព្រះយុគន្ធរក្នុងទីក្រុងភ្នំពេញ។ នៅទីនោះហើយដែល គាត់ចាប់ផ្តើមបង្កើតមាតិកាទាក់ទងវិទ្យាសាស្រ្ត និងបង្កើតទំព័រ វិទ្យាសាស្រ្តជីវិត ដែលបច្ចុប្បន្នវិវត្តមកជា រៀនវិទ្យាសាស្រ្តនេះ។ ចាប់ពីឆ្នាំ២០២៤ដល់២០២៥ គាត់បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំនៅសកលវិទ្យាល័យឃ្វីនស្លែនដ៍នៃរដ្ឋឃ្វីនស្លែនដ៍ប្រទេសអូស្ត្រាលី។

ស៊ីណែត