ជីវវិទ្យា|
១៦ កុម្ភៈ ២០២៦
ស៊ីណែត

វ័យឈាមរាវ៖ ហេតុអ្វីបានជាវ័យជំទង់ពិបាកយល់ និងឆាប់ឆេវឆាវ?

វ័យជំទង់ និងកត្តាជីវសាស្ត្រ

វ័យជំទង់គឺជាវ័យដែលពិបាកយល់។ ក្មេងវ័យជំទង់ ងាយប៉ះទង្គិចផ្លូវចិត្ត ឆាប់ឆេវឆាវ ក្លាហានពេលខ្លះជ្រុល ហើយពេលខ្លះចូលចិត្តចង់សាកល្បងដោយមិនសូវខ្វល់ពីផលវិបាក។ ខ្មែរយើងតែងហៅវ័យជំទង់ថាជាវ័យ «ឈាមរាវ»

តើអ្វីជាកត្តាជីវសាស្ត្រដែលធ្វើឱ្យក្មេងជំទង់មានលក្ខណៈទាំងនេះ?

មនុស្សជាច្រើនសុទ្ធតែដឹងថា លក្ខណៈរបស់ក្មេងជំទង់ដែលយើងហៅថាឈាមរាវនេះ កើតឡើងអំពីការប្រែប្រួលអរម៉ូន ព្រោះនៅវ័យជំទង់នេះសារពាង្គកាយរបស់មនុស្សមាននូវការបញ្ចេញអរម៉ូនជាច្រើនដើម្បីត្រៀមលក្ខណៈបន្តពូជ។ អរម៉ូនទាំងនេះមានឥទ្ធិពលដល់អាកប្បកិរិយារបស់គេ តួយ៉ាងអរម៉ូនតេស្តូស្តេរ៉ូនត្រូវបានគេរកឃើញថាមានទំនាក់ទំនងជាមួយនឹងភាពព្រហើនឈ្លានពាន។

មែនទែនទៅ កត្តាសំខាន់បំផុតដែលធ្វើឱ្យក្មេងវ័យជំទង់មានអាកប្បកិរិយាបែបឈាមរាវនេះ គឺដោយសារការអភិវឌ្ឍខួរក្បាលរបស់ពួកគេមិនទាន់ពេញលក្ខណៈ។ ទាក់ទងនឹងអារម្មណ៍ និងការគ្រប់គ្រងខ្លួនឯង យើងអាចចែកខួរក្បាលមនុស្សជា ២ ផ្នែកសំខាន់ៗគឺ៖

១. ប្រព័ន្ធឡាំប៊ិច (Limbic system)

នៅក្នុងប្រព័ន្ធ Limbic មានផ្នែកមួយហៅថា Amygdala ដែលទទួលខុសត្រូវក្នុងការបង្កើតអារម្មណ៍ដូចជាការភ័យខ្លាច ការរំជើបរំជួលជាដើម ហើយវាធ្វើឱ្យមានការឆ្លើយតបរហ័សទៅនឹងរំញោចដែលបង្កើតអារម្មណ៍ទាំងនោះ។ អ្នកវិទ្យាសាស្ត្រគិតថាផ្នែក Limbic នេះគឺជាផ្នែកដែលបន្សល់មកពីបុព្វបុរសរបស់យើងដែលរស់នៅក្នុងព្រៃកាលពីរាប់សែនរាប់លានឆ្នាំមុន។ ដោយសារតែលក្ខណៈឆ្លើយតបរហ័សរបស់វាទើបធ្វើឱ្យយើងអាចរស់នៅក្នុងព្រៃបាន។ ឧទាហរណ៍៖ នៅពេលដែលយើងឮសំឡេងសត្វខ្លាភ្លាម យើងនឹងរកកន្លែងគេចខ្លួនភ្លាមដោយមិនចាំបាច់គិតវែងឆ្ងាយ។

[Image of the limbic system and amygdala in the human brain]

២. សំបកខួរផ្នែកខាងមុខ (Prefrontal cortex)

គឺជាផ្នែកនៃខួរក្បាលដែលគេជឿថាទើបតែវិវត្ត។ ផ្នែកនេះអនុញ្ញាតឱ្យមនុស្សចេះត្រេះរិះពិចារណា ថ្លឹងថ្លែងហេតុផល គុណសម្បត្តិ គុណវិបត្តិ និងអាចគ្រប់គ្រងខ្លួនឯងនៅចំពោះមុខការសម្រេចចិត្តណាមួយ។

ចំពោះក្មេងជំទង់ ផ្នែក Prefrontal cortex នេះមិនទាន់វិវត្តពេញលេញនៅឡើយទេ ហេតុនេះហើយទើបពួកគេងាយឆេវឆាវ ងាយខឹង ងាយខូចចិត្ត ងាយប្រព្រឹត្តអំពើអបាយមុខ សេពគ្រឿងញៀន និងធ្វើរឿងគ្រោះថ្នាក់ជាច្រើនទៀតជាងមនុស្សពេញវ័យ។ ប្រហែលជាដោយសារបែបនេះហើយទើបច្បាប់របស់ប្រទេសជាច្រើនដាក់ពិន័យក្មេងដែលធ្វើខុសស្រាលជាងមនុស្សចាស់។ តាមការពិត ផ្នែក Prefrontal cortex វិវត្តពេញលក្ខណៈនៅពេលមនុស្សមានអាយុខ្ទង់ ២៥ ឆ្នាំ តែប៉ុណ្ណោះ។


ស្វែងយល់បន្ថែម៖

ចែករំលែកអត្ថបទ (Share Post)
FacebookTelegram
ស៊ីណែត

ស៊ីណែត

ស៊ីណែត គឺជាអ្នកអប់រំ និងជាឱសថការី។ គាត់បានបញ្ចប់ការសិក្សាផ្នែកឱសថសាស្រ្តនៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅទីក្រុងភ្នំពេញនៅឆ្នាំ២០១៥។ នៅឆ្នាំ២០១៨ គាត់បានក្លាយជាគ្រូបង្រៀននៅវិទ្យាល័យអ៊ីធូស្ទេមព្រះយុគន្ធរក្នុងទីក្រុងភ្នំពេញ។ នៅទីនោះហើយដែល គាត់ចាប់ផ្តើមបង្កើតមាតិកាទាក់ទងវិទ្យាសាស្រ្ត និងបង្កើតទំព័រ វិទ្យាសាស្រ្តជីវិត ដែលបច្ចុប្បន្នវិវត្តមកជា រៀនវិទ្យាសាស្រ្តនេះ។ ចាប់ពីឆ្នាំ២០២៤ដល់២០២៥ គាត់បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំនៅសកលវិទ្យាល័យឃ្វីនស្លែនដ៍នៃរដ្ឋឃ្វីនស្លែនដ៍ប្រទេសអូស្ត្រាលី។

ស៊ីណែត